សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

មន្ទីរពេទ្យជ័យវរ្ម័នទី ៧ ខេត្តសៀមរាបកំពុងសាងសង់អគារបន្ថែម ដើម្បីសម្រួលការស្នាក់នៅ សម្រាប់ស្ត្រីមុន និងក្រោយពេលសម្រាល ព្រមទាំងទារក

ដោយ :www.tctpostnews.com

 

ចេញផ្សាយ ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៣

មន្ទីរពេទ្យជ័យវរ្ម័នទី ៧ ឬគន្ធបុប្ផាទី៣ ខេត្តសៀមរាប កំពុងសាងសង់អគារថ្មីមួយបន្ថែម ដែលបានចាប់ផ្តើមសាងសង់កាលពីខែមករា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅខែកុម្ភ: ឬខែមីនា ឆ្នាំ២០២៤។

ការសាងសង់នេះ លើគម្រោងថវិកាសរុបប្រមាណជា ៣លាន ២សែនដុល្លារអាមេរិក ដោយគិតទាំងការបំពាក់សម្ភារ:បរិក្ខានានាផងដែរ។ អគារថ្មី មានកម្ពស់ ១២,៣០ម៉ែត្រ ទទឹង១៥ម បណ្តោយ ៣៣ម, មាន ៣ជាន់ គិតមកដល់ពេលនេះ សម្រេចបានប្រមាណជា ៨០%ហើយ សាងសង់ក្នុងទីតាំងនៃមន្ទីរពេទ្យមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្រោមការឯកភាព និងគាំទ្រពីអាជ្ញាធរខេត្ត និងទទួលបានការឧបត្ថម្ភគាំទ្រថវិកាពីមូលនិធិគន្ឋបុប្ផាកម្ពុជា ដែលមានសម្តេចទាំងទ្វេ នៃសម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានកិត្តិយស និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុន្នីរត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាប្រធាន និងមូលនិធិគន្ធបុប្ផា សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៊ីអាត រិច្នើ ប្រទេសស្វីស ដែលមូលនិធិទាំងពីរនេះដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាប់ធានាថវិកា និងសម្ភារ: ដើម្បីបន្តនិរន្តរភាពជួយដល់មន្ទីរពេទ្យឱ្យនៅដំណើរការជាប្រក្រតី ទោះបីក្នុងស្ថានភាពណាក៏ដោយ និងបើទោះជាអវត្តមានរបស់សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៊ីអាតរិច្នើ ក្តី។    ឯកឧត្តម វេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ (Dr Denis Laurent ) អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា បានមានប្រសាសន៍ឱ្យដឹងកាលពីរសៀលថ្ងៃទី០៩ ខែសីហាឆ្នាំ២០២៣ថា៖ អគារជំងឺកុមារនៅពេទ្យគន្ឋបុប្ផាទី៣ សៀមរាប មាន ៣៣អគារនិងភ្នំពេញ មាន ២៥អគារ។ ឯការសាងសង់អគារពិគ្រោះ និងសម្រាកផ្នែកសម្ភព និងផ្នែកទារកបន្ថែមនៅមន្ទីរពេទ្យជ័យវរ័្មនទី៧ឡើងនេះនឹងអាចដាក់គ្រែបានចំនួន ១២០គ្រែ និងមានបំពាក់ឧបករណ៍សម្ភារ:សង្គ្រោះបន្ទាន់សម្រាប់កុមារ ជួយសម្រួលការសម្រាករបស់ស្ត្រី និងទារកក្រោយសម្រាល។ការសាងសង់អគារថ្មីនេះឡើងដែរ គឺដោយពិនិត្យឃើញថាស្ត្រីសម្រាលកូន និងទារកក្រោយពេលសម្រាលមានការកើនឡើងជាបន្តបន្ទាប់ហើយមន្ទីរពេទ្យជួបនូវកង្វះគ្រែ និងអគារសម្រាប់ឱ្យពួកគាត់សម្រាក ដែលអាគារថ្មីទាំងមូល នឹងជួយសម្រួលដល់ម្តាយ និងទារកក្រោយសម្រាល និងជួយកាត់បន្ថយភាពចង្អៀតគ្នា ដូចពេលបច្ចុប្បន្នដែលក្នុងគ្រែមួយត្រូវដាក់ទារកដល់ទៅបីនាក់ ហើយខ្វះគ្រែឱ្យស្ត្រីក្រោយពេលសម្រាលបានសម្រាកផងដែរ។ ឯកឧត្តម វេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ (Dr Denis Laurent ) បន្ថែមថា៖ រាល់ការពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង  ហើយរាល់ការបរិច្ចាគតូចឬធំក្តី គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិតកុមារ និងស្ត្រីរបស់កម្ពុជា។       គិតជាមធ្យមក្នុងមួយថ្ងៃមានអ្នកជំងឺមកពិគ្រោះ ពិនិត្យនិងព្យាបាលជំងឺទូទៅនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប ចំនួន ២,៥០០នាក់ និងមានស្ត្រីក្រោយសម្រាល និងកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យចំនួន ២៤០នាក់។ឯកឧត្តម វេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ (Dr Denis Laurent ) បានថ្លែងអំណរព្រះគុណ ជាអនេកប្បការ នូវគុណូបការ:ជួយឧបត្ថម្ភគាំទ្ររបស់ព្រះមហាក្សត្រ និងសម្តេចយាយសម្តេចម៉ែ សម្តេចយាយទួត ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត និងថ្លែងអរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អរគុណដល់ មូលនិធិរាជរដ្ឋាភិបាលកម្ពុជា មូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៊ីអាតរិច្នើ នៅប្រទេសស្វីស អរគុណផងដែរដល់រដ្ឋាភិបាល និងប្រជាជនស្វីស ដែលបានផ្តល់មូលនិធិទាំងនេះជួយមន្ទីរពេទ្យទាំងពីរជារៀងរាល់ឆ្នាំ ដើម្បីឱ្យសកម្មភាពការងារក្នុងមន្ទីរពេទ្យនៅតែអាចដំណើរការទៅបាន៕ អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន



No comments